បន្ទាប់ពីកិច្ចជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Andrej Babis នាយករដ្ឋមន្រ្តីឆែករួចមក រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមាន ៖

១)អនុស្សារណះនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាលឆែក VAMED ។ ២)អនុស្សារណះនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ ការចុះហត្ថលេខានៃអនុស្សារណះទាំងពីរនេះ គឺជាការបង្អុលបង្ហាញពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការពង្រីកចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃ ប្រជាជនទាំងពីរ។ សូមបញ្ជាក់ដែរថា នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគោរពអញ្ជើញ ឯកឧត្តម នាយករដ្ឋមន្រ្តីឆែក Andrej Babis មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលដ៏សមស្រប។ ឯកឧត្តម នាយករដ្ឋមន្រ្តីបានទទួលយកនូវការអញ្ជើញដោយសេចក្តីរីករាយ និង បានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញនេះ។ បន្ទាប់មកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីលទ្ធផលនៃជំនួបរបស់ថ្នាក់ដឹកនាំទាំងពីរ៕